អភិបាលខេត្តតាកែវ លើកទឹកចិត្តឱ្យបង្កើនការផលិតចំណីអាហារ ប៉ាត់តេ និងហតដកក្នុងស្រុកឱ្យបានច្រើន ដើម្បីកាត់បន្ថយការនាំចូលពីបរទេស
តាកែវ ៖ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញដឹកនាំប្រតិភូចុះទស្សនកិច្ចសិក្សា និងពិនិត្យសង្វាក់ផលិតកម្ម នៅសហគ្រាសកែច្នៃ និងវេចខ្ចប់អាហាររបស់ក្រុមហ៊ុន «ណាប់ អេ ហ្វូដ អេន ប៊ី» (NAP Food & B) ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានសម្តែងនូវការកោតសរសើរ និងបានលើកទឹកចិត្តយ៉ាងក្រៃលែងដល់ម្ចាស់សហគ្រាស ក៏ដូចជាក្រុមហ៊ុនវេចខ្ចប់ចំណីអាហារ បន្តខិតខំខ្នះខ្នែងបង្កើនសមត្ថភាពផលិតកម្មបន្ថែមទៀត និងត្រូវរក្សាបទដ្ឋានអនាម័យ គុណភាព និងសុវត្ថិភាពឱ្យបានខ្ពស់ សំដៅធ្វើយ៉ាងណា ឱ្យផលិតផលចំណីអាហារកែច្នៃក្នុងស្រុក ដូចជា ប៉ាត់តេ និងហតដក ជាដើម អាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ និងឈានទៅកាត់បន្ថយការនាំចូលពីបរទេសជាជំហានៗ។
ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ពិសេសខេត្តតាកែវ មានវិនិ យោគិនជាច្រើន បានចូលមកបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាសយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលក្នុងនោះក៏មានរោងចក្រកែច្នៃ និងវេចខ្ចប់ចំណីអាហារផងដែរ ។ ដូច្នេះ ការពង្រឹង និងពង្រីកសង្វាក់ផលិតកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ពិតជាមានសារសំខាន់ណាស់ ព្រោះវាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកស្ទួយផលិតផលកែច្នៃក្នុងស្រុក ជួយឱ្យសេដ្ឋកិច្ចជាតិមានចរន្តរឹងមាំ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងធានាបាននូវសុវត្ថិភាពចំណីអាហារជូនអ្នកបរិភោគ។
ឯកឧត្តម អភិបាលខេត្ត បានបន្ថែមទៀតថា ដើម្បីឱ្យដំណើរការផលិតផលក្នុងស្រុកមានការរីកចម្រើនទៅមុខប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការលើក កម្ពស់គុណភាព និងស្តង់ដារផលិតផលក្នុងស្រុក ដើម្បីបង្កើនប្រៀបប្រកួតប្រជែងទាំងលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល រួមជាមួយអាជ្ញាធរដែនដី ក៏បានខិតខំស្វែងរកទីផ្សារបន្ថែម និងបន្តប្រព័ន្ធផ្សព្វផ្សាយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រ និងប្រកាន់ទម្លាប់ប្រើ ប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើនឡើង ។
បើតាមការបញ្ជាក់ពី លោកបណ្ឌិត យក់ ចំរើនឫទ្ធិ ម្ចាស់សហគ្រាស/កសិដ្ឋាន បានឱ្យដឹងថា កម្មករ-និយោជិតដែលកំពុងបម្រើការងារនៅក្នុងសហ គ្រាសភាគច្រើន គឺជាបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅក្នុងមូលដ្ឋាន ដែលមានជីវភាពខ្វះខាត និងស្ថិតក្នុងក្រុមគ្រួសារក្រីក្រ កម្រិត១, កម្រិត២ និងកម្រិត៣។ ក្រៅពីការផ្តល់ប្រាក់ចំណូលសមរម្យ សហគ្រាស ក៏បានផ្តល់ជូននូវអាហារូបត្ថម្ភ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ជូនដល់កម្មករ-និយោជិត ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់ពួកគាត់ផងដែរ ៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ
.jpg)
.jpg)
.jpg)
.jpg)