រដ្ឋបាលខេត្តព្រៃវែង បើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម
ព្រៃវែង ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ជឹម សាវីន សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកស្រី ឡុង គន្ធា អភិបាលរងខេត្តព្រៃវែង អញ្ជើញក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ លើប្រធានបទ ស្តីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មជូនមន្រ្តី សាធារណៈ មានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាព មន្រ្តីនគរបាលយុត្តិធម៌ អង្គភាពតុលាការ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ក្រោមអធិបតីភាព ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) អមដោយ ឯកឧត្តម រ៉ូ ប៊ីនណៃ សមាជិក គ.ជ.ប.ទ និងមន្រ្តីជំនាញ ផ្នែកបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ លេខាធិការដ្ឋាន នៃ គ.ជ.ប.ទ នៅសាលប្រជុំសាលាខេត្តព្រៃវែង ។
វគ្គបណ្ដុះបណ្ដាល នេះ មានការអញ្ជើញចូលរួមពីសំណាក់ គណៈប្រតិភូអមដំណើរ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ប្រធានព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការ ស្នងការរងដ្ឋាននគរបាលខេត្ត មេបញ្ជាការ បញ្ជាការរង កងរាជអាវុធហត្ថខេត្ត ប្រធាន អនុប្រធាន ពន្ធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុកទាំង១៣ នាយក នាយករងរដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យពាក់ព័ន្ធ មេឃុំចៅសង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធមនុស្ស និងមន្រ្តីជំនាញពាក់ព័ន្ធ សរុបចំនួន ៣០០រូប។
លោកស្រី ឡុង គន្ធា អភិបាលរងខេត្ត លើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត សូមអរគុណដែលបានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង តាមរយៈកិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដោយបានចូលរួមចំណែក ធ្វើឱ្យការងារប្រឆាំងទារុណកម្ម កាន់តែទទួលបានសម្រេចជោគជ័យបន្ថែមទៀត។
ឯកឧត្តម រ៉ូ ប៊ីនណៃ សមាជិក គ.ជ.ប.ទ បានមានប្រសាសន៍បើកកម្មវិធីវគ្គបណ្តុះបណ្តាល ស្តីពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងបានធ្វើការថ្លែងអណរគុណចំពោះការចូលរួមសហការរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបានជួយក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និងអប់រំផ្សពផ្សាយនេះឡើង និងថ្លែងអំណរគុណ ដល់ គណៈអធិបតី និង ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានអញ្ជើញមកចូលរួមវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនាថ្ងៃនេះ ដើម្បីស្វែងយល់អំពី តួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម។
នាឱកាសនោះ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានមានប្រសាសន៍ លើកឡើងថា មន្រី្តប្រតិបត្តិច្បាប់ ត្រូវអនុវត្តភារកិច្ចខ្លួន ឲ្យស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សំដៅការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សអាចប្រើប្រាស់កម្លាំងបានតែក្នុងករណីចាំបាច់បំផុតសមហេតុផល។
ឯកឧត្តម ប្រធាន គ.ជ.ប.ទ គូសបញ្ជាក់ថា ក្នុងន័យនេះ គឺដើម្បីទប់ស្កាត់បទល្មើស មិនឱ្យប្រព្រឹត្តិការញុះញុង ឬបណ្តោយឲ្យមានការធ្វើទារុណកម្ម ឬប្រព្រឹត្តិកម្ម ឬដាក់ទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ឬយកបទបញ្ជាថ្នាក់លើមកធ្វើជាលេសឡើយ។
ឯកឧត្តម សៀង ឡាប្រេស្ស បន្ថែមថា ត្រូវធានាឲ្យបាននូវការការពារពេញលេញដល់សុខភាព របស់ជនដែលស្ថិតក្នុងការឃុំឃាំងរបស់ខ្លួន ជាពិសេសត្រូវចាត់វិធានការភ្លាមៗតាមការចាំបាច់ ដើម្បីធានាបង្ការ និងឈានដល់ការលុបបំបាត់ទាំងស្រុង នូវអំពើទារុណកម្ម ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។
ឯកឧត្តម បន្ថែមថា៖ វគ្គបណ្តុះបណ្តាលនេះ គឺជាសកម្មភាពដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់ការ យល់ដឹង និងសមត្ថភាពរបស់មន្ត្រី និងអ្នកពាក់ព័ន្ធ អំពីតួនាទី ភារកិច្ច អំណាច និងការទទួល ខុសត្រូវរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ព្រមទាំងការអនុវត្តលិខិតបទដ្ឋានជាតិ និងកាតព្វកិច្ចអន្តរជាតិពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ទារុណកម្ម៕
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង
.jpg)
.jpg)
.jpg)
.jpg)