ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងវេទិកាសន្ទនា ស្តីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល»
កណ្តាល៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) សហការជាមួយរដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាសន្ទនា ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិវត្តកម្មឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វ.ស.ស. តំណាង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។
ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ប៉ៃ សំបូរ បានកោតសរសើរចំពោះតួនាទី និងការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការសង្គមស៊ីវិលក្នុងខេត្តកណ្តាល ក្នុងការអភិវឌ្ឍសហគមន៍ លើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។ ឯកឧត្តម បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល សូមបន្តពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីរួមចំណែកកសាងសង្គមឌីជីថល និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាបានកាន់តែល្អប្រសើឡើង។
នាឱកាសនោះដែរ ឯកឧត្តម ណុប ដារ៉ា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គការសង្គមស៊ីវិល ក្នុងការអភិវឌ្ឍខេត្តកណ្តាល និងបានជំរុញឱ្យបន្តពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងទិន្នន័យ និងព័ត៌មានតាមប្រព័ន្ធឌីជីថល ជួយពង្រីកការផ្សព្វផ្សាយព័ត៌មានប្រកបដោយតម្លាភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។ ឯកឧត្តម អភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យអង្គការសង្គមស៊ីវិលបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហាប្រឈមកំពុងកើតមានក្នុងសង្គមឌីជីថល។
ឯកឧត្តម ណុប ដារ៉ា បានបញ្ជាក់ថា បច្ចុប្បន្ននេះ អង្គការសង្គមស៊ីវិល ធ្វើសកម្មភាពនៅខេត្តកណ្តាលមានចំនួន ៤១៦ ក្នុងនោះ អង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៣១ សមាគមចំនួន ១៩៩ និងសហគមន៍ចំនួន ៨៦៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល
.jpg)
.jpg)
.jpg)
.jpg)